ចុចអាន​ រឿងខ្លី​«ជំងឺបាក់ទឹកចិត្ត»

ជីវិតគឺមិនទៀងនោះទេ វាអាចប្រែប្រួលបានគ្រប់កាលៈទេសៈនិងពេលវេលា ទោះបីជាអ្នកនោះកើតក្នុងត្រកូលអ្នកមាន អ្នកក្រ… អ្វីក៏ដោយនៅពេលដែលមនុស្សម្នាក់នោះ ខ្វះការយកចិត្តទុកដាក់ពីសំណាក់មនុស្សនៅជុំវិញខ្លួនគេ។ ពេលនោះគេនឹងអាចធ្វើអ្វីផ្សេងដែលនឹកស្មានមិនដល់ដូចជាវិចិត្របានធ្វើវាព្រោះតែ…

វិចិត្រ៖ ម៉ាក់ៗកូនត្រលប់មកពីរៀនវិញហើយ។

ម៉ាក់៖ អឺ! យកកាតាបទៅទុកទៅ ហើយប្រញាប់មកជួយការងារអញ។

វិចិត្រ៖ បាទម៉ាក់! ប៉ុន្តែនេះជាសៀវភៅតាមដានការសិក្សាររបស់កូនណាម៉ាក់។

គ្រាន់តែវិចិត្រដកយកសៀវភៅចេញពីកាតាបមកភ្លាម រៀបហុចឱ្យម្ដាយ ស្រាប់តែគាត់បានទះសៀវភៅនោះចេញ ហើយស្ដីឱ្យវិចិត្រថែមទៀតផង។

ម៉ាក់៖ អញឱ្យហែងយកកាតាបទៅទុក ហើយផ្លាស់ខោអាវ មកជួយធ្វើការងារអញ មិនមែនឱ្យហែងយកសៀវភៅមកឱ្យអញមើលទេ អញរវល់ អញគ្មានពេលមើលទេ ទុកវាយកទៅឱ្យឪហែងមើលទៅឃើញទេ ថាគេកំពុងតែប្រញាប់អីវ៉ាន់ ក្រោយពីបានឮសម្ដីបែបនេះ វិចិត្ររើសសៀវភៅយកដើរទៅក្នុងបន្ទប់ទាំងទឹកមុខក្រៀមក្រំ និងអន់ចិត្តយ៉ាងខ្លាំង ព្រោះថាតាំងពីជិតបញ្ចប់ថ្នាក់វិទ្យាល័យ គឺមិនដែលទទួលបានពាក្យសរសើរ ពាក្យលើកទឹកចិត្ត ពាក្យជូនពរម្ដងណាឡើយ សូម្បីតែនៅសាលារៀន។

វិចិត្រ៖ ហេអ្នកទាំងអស់គ្នាបើខ្ញុំចូលប្រឡងចម្រៀងគិតយ៉ាងម៉េចដែរ?

រ៉ូ៖ ស្អីហា៎ ច្រៀងមើលតែគោរោទ៍ចង់ទៅប្រឡងចម្រៀងផងហា៎។

ណិត៖ ឈប់ស្រមៃទៅសុបិនខ្លាំងពេកហើយហា៎ ហែងច្រៀងអញស្ដាប់មិនដែលចូលត្រចៀកផង ហែងទៅប្រឡងគ្មាននរណាគេស្ដាប់ហែងទេ អាសំគិស។

មិត្តទាំងអស់គ្នាតែសើចចំអកនូវរាល់ចម្ងល់ ឬបញ្ហាពិភាក្សាជាមួយពួកគេ ទើបធ្វើវិចិត្រប្ដូរក្លាយទៅជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់ លែងសូវនិយាយមាត់កដូចពីមុន គឺគេខ្លាចថានៅដែលគេនិយាយទៅមិត្តភក្តិនឹងសើចចំអកឱ្យរូបគេទៀត។

ទោះបីជាវិចិត្រជាសិស្សម្នាក់ដែលរៀនពូកែជាងគេក្នុងសាលាក៏ដោយ នៅពេលដែលគ្មាននរណាម្នាក់ជួយលើកទឹកចិត្តគេ ធ្វើឱ្យគេគិតច្រើនតែម្នាក់ឯងរវើរវាយវិលវល់នៅក្នុងសតិអារម្មណ៍របស់គេ។ ហើយណាមួយវិញទៀត នូវរាល់របស់ដែលគេចង់បាន គឺមិនដែលបានដូចបំណងរបស់គេម្តងណាទាល់តែសោះ មិនថាគ្រួសាររបស់គេក៏មិនដែលនិងយកចិត្តទុកដាក់ដែរ ដូចជាពេលមួយ… វិចិត្រ៖ ម៉ាក់ហា៎ម៉ាក់! បងប្រុសម្នាក់នៅក្នុងទូរទស្សន៍នឹងគាត់ច្រៀងផង លេងហ្គីតាផង ពិរោះដល់ហើយម៉ាក់។

ម៉ាក់៖ ហែងកុំមករំខានអញបានអត់ ឃើញអត់ថាអញកំពុងតែគិតលុយ។

វិចិត្រ៖ បងស្រី! តើបងថាគាត់ច្រៀងពីរោះដែរទេ?

បងស្រី៖ ថយចេញឱ្យឆ្ងាយពីអញទៅ អញរវល់ខ្លាំងណាស់ គ្មាននិយាយជាមួយហែងទេ!

វិចិត្រ៖ ហឹម!

វិចិត្រ៖ ប៉ាប៉ា! កូនចង់បានហ្គីតាមួយលេងដូចបងប្រុសម្នាក់ ច្រៀងក្នុងទូរទស្សន៍ហ្នឹងដល់ហើយ ប៉ា កូនស្រឡាញ់វាខ្លាំងណាស់ ប៉ាកូនចង់បានវា។

ប៉ា៖ អញរវល់ធ្វើការណាស់ បើមានរឿងអីចាំនិយាយពេលក្រោយទៅ។

បន្ទាប់ពីបានឮសម្ដីម៉ាក់ ប៉ានឹងបងស្រីរបស់ខ្លួននិយាយបែបនេះហើយ វិចិត្រក៏ដើរចូលទៅក្នុងបន្ទប់ទាំងទឹកមុខក្រៀមក្រំ ស្រពោន តូចចិត្តនឹងវាសនាខ្លួនឯង ដែលគ្មាននរណាម្នាក់យកចិត្តទុកដាក់ជាមួយ វិចិត្រគេងគិតគេងស្រមៃតែម្នាក់ឯងរហូតដល់ម៉ោងពីរយប់ ទើបគេងលក់។

ព្រឹកមួយ ជាព្រឹកដ៏សែនអស្ចារ្យបំផុតសម្រាប់វិចិត្រ ហើយវាក៏ជាថ្ងៃចុងក្រោយរបស់វិចិត្រផងដែរ ដោយហេតុតែ…

វិចិត្រ៖ ប៉ាប៉ា! ថ្ងៃនេះកូនទទួលមេដាយមាសសិស្សឆ្នើមប្រចាំសាលារៀន ប៉ាអាចអញ្ជើញទៅចូលរួមនៅក្នុងកម្មវិធីនេះជាមួយខ្ញុំផងបានដែរទេ?

ប៉ា៖ ប៉ាសុំទោស! ប៉ារវល់ខ្លាំងណាស់ មិនមានពេលទៅជាមួយកូនទេ កូនសាកទៅសួរម៉ាក់របស់កូនទៅ។

វិចិត្រ៖ ម៉ាក់ហា៎! ថ្ងៃនេះកូនទទួលមេដាយមាសសិស្សឆ្នើមប្រចាំសាលាហើយ ម៉ាក់ទៅចូលរួមកម្មវិធីនេះជាមួយកូនទេ? ព្រោះអ្នកផ្សេងៗទៀត ប៉ាម៉ាក់គេក៏ទៅចូលរួមជាកិត្តិយសជាមួយគេដែរ។ ម៉ាក់៖ អញរវល់ខ្លាំងណាស់ឃើញទេ? ទៅសួរប៉ាហែងទៅ។

វិចិត្រ៖ តែប៉ាគាត់ឱ្យមកសួរម៉ាក់។

ម៉ាក់៖ អឺ! បើប៉ាហែងរវល់ ទៅសួរបងស្រីហែងទៅ កុំមករំខានអញ។

វិចិត្រ៖ បាទម៉ាក់!

វិចិត្រ៖ បងហា៎បង! អាចទៅសាលាជាមួយខ្ញុំបានអត់ ព្រោះថ្ងៃនេះជាថ្ងៃដែលខ្ញុំបានទទួលពានសិស្សឆ្នើមប្រចាំសាលា។

បងស្រី៖ ហឺយ!! គ្រាន់តែរឿងប៉ុណ្ណឹងសោះ មកអំពល់គេអំពល់ឯងពេញហ្នឹង អញរវល់ខ្លាំងណាស់គ្មានពេលទេ ហែងក៏ដឹងដែរ នៅមកសួរដូចភ្លើទៀត។

វិចិត្រ៖ តែ….

បងស្រី៖ មិនបាច់តែ មិនបាច់ស្ករស្អីទេ ទៅម្នាក់ឯងទៅ កុំនាំមកអំពល់ទុក្ខគេឯង ព្រោះតែរឿងប៉ុណ្ណឹង មានលុយរៀនទុកថាវាជាសំណាងខ្លាំងណាស់ហើយ ប្រយ័ត្នបានដូចកូនគេរៀនមិនចប់ដើមចប់ចុង ហើយត្រូវខំរកលុយមកឱ្យគ្រួសារហ៎ក។

គ្រាន់តែឮបងស្រីនិយាយបែបនេះ គេក៏បានជិះម៉ូតូទៅសាលាតែម្នាក់ឯង ដើម្បីទទួលមេដាយទាំងអារម្មណ៍មួយមិនសប្បាយចិត្តទាល់តែសោះ គ្រាន់តែវិចិត្រឈប់ម៉ូតូភ្លាមស្រាប់តែឮលោកគ្រូនាយកហៅឈ្មោះគេតែម្ដង។

គ្រូនាយក៖ មេដាយមាសសិស្សឆ្នើមប្រចាំសាលារបស់យើងនៅក្នុងឆ្នាំនេះ បានទៅលើសិស្សឈ្មោះ “កែវ វិចិត្រ” សូមសិស្សានុសិស្សទាំងអស់អបអរសាទរ។

វិចិត្រមកកាន់វេទិកា ដើម្បីទទួលយកមេដាយមាស ពេលដែលវិចិត្របានឡើងទៅដល់លើវេទិកាកិត្តិយស ដើម្បីទទួលមេដាយ។

គ្រូនាយក៖ វិចិត្រ! តើប្អូនមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលខ្លួនក្លាយទៅជាសិស្សឆ្នើមប្រចាំសាលាបែបនេះ?

វិចិត្រ៖ បាទលោកគ្រូ! ខ្ញុំពិតជាមានអារម្មណ៍រំភើបរកអ្វីថ្លែងមិនត្រូវឡើយលោកគ្រូ អារម្មណ៍នៅពេលនេះប្រៀបដូចជាបានហោះឡើងទៅលើមេឃ ភ័យផង អរផងយ៉ាងម៉េចមិនដឹងទេ។

គ្រូនាយក៖ ចុះប្អូនមានអ្វីផ្ដាំផ្ញើជូនដល់សិស្សប្អូនរបស់យើងដែលទេ?

វិចិត្រ៖ បាទលោកគ្រូ! ខ្ញុំសូមផ្ដាំផ្ញើជូនដល់ប្អូនៗទាំងអស់ ឱ្យខិតខំរៀនដើម្បីទទួលបានមេដាយដូចជាខ្ញុំបាទ។ ហើយខ្ញុំបាទក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំព្យាយាមបង្ហាត់បង្រៀនខ្ញុំ រួចទាំងសិស្សានុសិស្សទាំងអស់ឱ្យចេះដឹងគ្រប់គ្នា ខ្ញុំគ្មានអ្វីសងគុណលោកទាំងអស់គ្នាទេ គឺមានតែពាក្យជូនពរឱ្យលោកទាំងអស់មានសុខភាពល្អ ជៀសឆ្ងាយផុតពីរោគចង្រៃទាំងពួង។

គ្រូនាយក៖ ចុះហេតុអ្វីមិនឃើញប៉ាម៉ាក់បងប្អូនវិចិត្រមកចូលរួមក្នុងកម្មវិធីយ៉ាងនេះ ថ្ងៃនេះជាថ្ងៃពិសេសរបស់វិចិត្រផង។

គ្រាន់តែពេលលោកគ្រូបានសួរសំណួរមួយនេះមកកាន់វិចិត្រ ប្រៀបហាក់បីដូចជាយកកាំបិតមកចាក់ចំកណ្ដាលបេះដូងវិចិត្រ ធ្វើឱ្យវិចិត្រអួលដើមក គាំងស្មារតីនិយាយមិនចេញ បានត្រឹមតែស្រក់ទឹកភ្នែកឥតឈប់ រហូតដល់ចុះមកអង្គុយនៅខាងក្រោមមួយស្របក់ធំ ទើបអាចធ្វើចិត្តបានធម្មតាវិញ ប៉ុន្តែជាអកុសលអ្វីដែលធ្វើឱ្យវិចិត្រអស់កម្លាំងចិត្តក្នុងការតស៊ូនោះគឺ…

រ៉ូ:ស្អីគេហា៎ អាញី!ប្រុសសោះយំមើលតែស្រី ទៅស្លៀកសារ៉ុងវិញទៅហា៎ អញខ្មាសគេណាហា៎ មកយំកណ្ដាលហ្វូងមនុស្សអ៊ីចឹង ហើយម៉ែឪហែងទៅណាហា៎ បានថ្ងៃកូនទទួលមេដាយមាសប៉ុណ្ណាប៉ុណ្ណី មិនឃើញមាននរណាម្នាក់មកជាមួយហែងសោះ ខ្លាចតែហែងមិនមែនកូនគាត់ហា៎ អាចិត្របានជាពួកគាត់មិនរវល់ជាមួយហែងដូច្នេះ។

ណិត៖ ទៅយាយអីហា៎ អាមួយហ្នឹងវាកូនក្រៅខោហ្នឹង បានអីម៉ែឪវាខ្វល់មួយវាហា៎។

ទោះបីជានេះជាការនិយាយលេងក៏ពិតមែន តែវាបានដុតបេះដូងរបស់ចិត្រឱ្យចេះខ្ទេចខ្ទីខ្លាចជាផេះផង់ អស់កម្លាំងចិត្ត អស់ភាពតស៊ូអត់ធ្មត់គិតច្រើនផ្ដេសផ្ដាសពីនេះពីនោះ ទៅតាមសម្ដីរបស់”ណិត”បាននិយាយដោយសារជារៀងរាល់ថ្ងៃ គឺវាមានភាគរយច្រើនដូចជាសម្ដីមិត្តរបស់គេបាននិយាយពិតមែន។

ក្រោយពេលចេញពីសាលាទៅដល់ផ្ទះជាមួយនឹងមេដាយមាសសិស្សឆ្នើមប្រចាំសាលា មិនមាននរណាម្នាក់សួរនាំអ្វីពីគេឡើយ ឃើញដូចនេះគេក៏ដើរទៅក្នុងបន្ទប់គេងរបស់គេទុកមេដាយនៅលើក្បាលដំណេករបស់គេ ហើយគេងតែគេងមិនលក់ទាល់តែសោះ ទោះបីជាព្យាយាមគេងយ៉ាងណានៅតែមិនលក់ ព្រោះតែគេចង់គេងឱ្យលក់ឱ្យភ្លេចនូវរឿងដែលពិបាកចិត្តទាំងពួង មុនដំបូងចិត្របានលេបថ្នាំងងុយគេមួយគ្រាប់ហើយតែគេងមិនលក់ មួយស្របក់ក្រោយគេបានលេបមួយគ្រាប់ទៀតក៏នៅតែគេងមិនលក់ ទើបសម្រេចចិត្តលេបគ្រាប់ទីបី ទើបគេងលក់ តែគេក៏ត្រូវបានគេងលក់ជារៀងរហូតបាត់ទៅហើយ។

លុះដល់ពេលយប់ម៉ោងបាយអ្នកផ្ទះមិនឃើញចិត្រមកញ៉ាំបាយ មិនបានងើយឆ្ងល់នៅទេនឹកគិតស្មានថាគេនៅមើលមេរៀនយប់បន្តិច ប្រហែលជាចុះមកញ៉ាំហើយ រហូតដល់ម៉ោងដប់ពីរនៅតែមិនឃើញ ម្ដាយក៏បានដើរទៅបន្ទប់ចិត្ត ដើម្បីតាមមកឱ្យញ៉ាំបាយតែពេលទៅដល់បើកទ្វារចូលទៅបានឃើញតែមេដាយ និងសាកសពកូនប្រុសស្លាប់ស្ដូកស្ដឹងនៅលើគ្រែគេងបាត់ទៅហើយ ទោះបីជាដឹកទៅដល់មន្ទីរពេទ្យក៏នៅតែមិនអាចសង្គ្រោះបាន បានត្រឹមតែទ្រហ៊ោយំស្ដាយអាណិតកូនប្រុស និងមានវិប្បដិសារីនៅពេលដែលបានឮសម្ដីរបស់លោកគ្រូពេទ្យនិយាយថា “កូនប្រុសគាត់បានបាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែគេលេបថ្នាំងងុយគេលើសចំណុះ ព្រោះតែគេចង់ឱ្យគេលក់ពីជំងឺរវើរវាយ” គ្រាន់តែនិយាយដល់ចំណុចមួយនេះភ្លាម ក្រុមគ្រួសារគាត់កាន់តែក្ដុកក្ដួលកាន់តែខ្លាំងហើយនឹកគិតដល់រឿងកន្លង ដែលពួកគេមិនបានយកចិត្តទុកដាក់ជាជាមួយមនុស្សដែលគេស្រឡាញ់ វាបានហួសពេលបាត់ទៅហើយ ទម្រាំតែគ្រួសារគេយល់ មនុស្សដែលមានជីវិតគឺសល់ត្រឹមតែរូបថតប៉ុណ្ណោះ លែងមានកាយវិការលែងមករំខានក្រុមគ្រួសារទៀតហើយ ពួកគេមិនបានអ្វីក្រៅពីនិយាយពាក្យសុំទោស និងពាក្យស្រឡាញ់មកកាន់សាកសពដែលមិនអាចស្ដាប់បាននឹងឆ្លើយតបបាន បានត្រឹមតែយំក្រសោបឱបសាកសពទាំងទឹកភ្នែកហាមប៉ុណ្ណោះ។

អ្នកនិពន្ធ៖ យន ប៊ុនរាជ

វាយតម្លៃ*****

 

Comments

comments