សម្ដេចតេជោឲ្យកុមារ ហ៊ឺទៀង គីមហុង អាយុ៧ឆ្នាំ ដែលសមត្ថភាព ធ្វើគណិតវិទ្យា ថ្នាក់ទី១២ ស្រាវជ្រាវ រកផែនទីកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យកុមារ ហ៊ឺទៀង គីមហុង រស់នៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលមានសមត្ថភាព ក្នុងការដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ និងមានសមត្ថភាព ស្រាវជ្រាវផែនទីនោះ ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួន ប្រវែងគីឡូ ម៉ែត្រ។

យោងតាមគេទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានសរសេរ ថា “ឲ្យចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ ហើយកុមារ ហ៊ឺ ទៀង ធ្វើបានយ៉ាងល្អគួរ និងមានសមត្ថភាពយ៉ាងខ្លាំង”។

ព្រមជាមួយគ្នានេះដែរ សម្ដេចឲ្យអាហារូបករណ៍ពិសេសពីសាលា Belti ដល់ គីមហុង បានសិក្សា ចំណេះ ដឹងទូទៅ។  គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី៨ ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ ទន្ទឹមនឹងនេះ គឺសម្តេច បានស្នើឲ្យ លោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នា ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់ គីមហុង នឹងទទួលបន្ទុករាល់នូវការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។

សម្ដេចអះអាងថា គីមហុង គឺជាកុមារដែលមានសមត្ថភាព ពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា  គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ អាយុបានពីរឆ្នាំកន្លះ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។

នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័រឲ្យកុមារ ប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានឲ្យចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេស ជាមួយគ្នា ផងដែរ។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ១គ្រឿង iPad ១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ១គ្រឿង សម្រាប់ចៅប្រុស ធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំ យកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សា របស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា​៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *