ព្យុះភ្លៀងនៃជីវិតគូ

ព្យុះភ្លៀងនៃជីវិតគូ

ជឿទៅថា គ្រប់គូជីវិតទាំងអស់ រមែងជួបបញ្ហារៀងៗខ្លួន ផ្សេងៗគ្នា ឃើញប្ដីប្រពន្ធគេ ល្អូកល្អើន ផ្អែមល្ហែម មិនមែនមានន័័យថា ជីវិតគូគេ មិនជួបបញ្ហានោះឡើយ តែយ៉ាងណាមិញ ប្ដីប្រពន្ធ ដូចធ្មេញនិងអណ្តាត ចានក្នុងរៀវអ៊ីចឹង គឺតែងតែមានប៉ទង្គិច តិចឬច្រើនតែប៉ុណ្ណោះ ។

តែសំខាន់ មិនថាគេឈ្លោះគ្នាបែបណា ក៏គេមិនចោលគ្នា ទោះមានបញ្ហាធំប៉ុនណា ក៏គេជួយគ្នាដោះស្រាយ ទោះមានឧបសគ្គបែបណា ក៏គេនៅតែកាន់ដៃគ្នាប្រឈមមុខ ទោះអ្នកដទៃនិយាយអ្វី ក៏គេនៅតែជឿជាក់ និងឱ្យតម្លៃប្ដីប្រពន្ធគេ ទោះខ្វះខាតយ៉ាងណា ក៏តស៊ូ រួមរស់ជាមួយគ្នា នេះហើយ ដែលគេហៅថា គូជីវិត ដែលព្រម ប្រឈមមុខ ឆ្លងកាត់ ព្យុះភ្លៀង មិនចោលគ្នា ។

មានគូមួយចំនួន ក៏បែក ចែកផ្លូវ មិនមែនរស់នៅមិនចុះសម្រុងទេ តែមកពីគេ មិនព្រមបើកចិត្តទទួលយកគ្នា មកពីពួកគេ ព្យាយាម ចង់បានឈ្នះរៀងៗខ្លួន មិនព្រមបន្ទន់ចិត្ត បន្ទន់ឥរិយាបថខ្លួនឯង តែបែរជាព្យាយាម ចង់កែប្រែដៃគូទៅវិញ ។

គ្រប់យ៉ាង ដើរដល់ចំណុចបញ្ចប់ វាកើតឡើងមកពី ខ្វះទំនួលខុសត្រូវ ខ្វះភាពជឿជាក់ ខ្វះការអត់ធ្មត់ ខ្វះគោលដៅ និងភាពប្រាកដប្រជា ខ្វះការអធ្យាស្រ័យ ខ្វះក្ដីអាណិតចិត្តស្រឡាញ់ ខ្វះការគោរព និងឱ្យតម្លៃគ្នា វាជារឿងដែលពិបាកបំផុត បើប្ដីប្រពន្ធទាំងអស់ ខ្វះចន្លោះ នូវចំណុចអស់ទាំងនេះ។

ក៏សង្ឃឹមថា ប្ដីប្រពន្ធគ្រប់រូប នឹងយល់ ហើយក៏ព្យាយាមឆ្លងកាត់ព្យុះភ្លៀងនៃជីវិតគូរួមគ្នាឱ្យបានបំណាច់ថា នឹងព្រមចាប់ដៃគ្នាហើយ កុំឱ្យភាពបែកបាក់កើតឡើងអី ចូររក្សាចំណងនិស្ស័យនៃគូរបស់អ្នកឱ្យបាន ដល់ចាស់រៀងៗខ្លួនណាស ៕

#Panha

Comments

comments