ថ្ងៃទី១៥ សីហា រង​ចាំ​មើល​តុលាការ​ស្រុក​ខ្មែរ​ទាំងអស់​គ្នា​! រឿង​ក្តី​បង្ហោះ​រូប​អាក្រាតកញ្ញា វ៉ា​ន់ នី​ឡា

ភ្នំពេញ ៖ រឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុ​នសន អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា វ៉ា​ន់ នី​ឡា ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើកយកមកបើកសវនាការជំនុំជម្រះដោយអវត្តមានជនជាប់ចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី ។

ក្រោយការសួរដេញដោល លោក កោ វ​ណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាង​មុខនេះ វិញ ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើ ជោគវាសនាជនជាប់ចោទ គុយ សិទ្ធិសក្តិ នឹងត្រូវតុលាការសម្រេចយ៉ាងណា ។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ “​ហិង្សា ដោយចេតនា និងចែកចាយរូបភាពអាសអាភាស​” ប្រព្រឹត្តនៅរាជធានី​ភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៦ តាមមាត្រា២១៧​ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ច្បាប់ ស្តី​ពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ទោះបីអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុង ពេលសវនាការក៏​ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បាន​ស្គាល់ សុខ ចិន្តា ហៅ វ៉ា​ន់ នី​ឡា តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំ​២០១៤ ​ហើយ​ដល់ ឆ្នាំ​២០១៥ បាន​ស្រលាញ់​គ្នា ហើយ​ក៏​បាន​នាំ​ទៅ​លេង​ផ្ទះ និង​ជួប​ប៉ា​ម៉ាក់ ​។ ចំណែក​រឿង​ដែល​ចោទ​ថា គុយ សិទ្ធិសក្តិ បង្ហោះ​រូប​អាសអាភាស គឺជនជាប់ចោទមិន​បានដឹង​ទេ និង​សុំ​ឲ្យ​តុលាការជួយ​រកយុត្តិធម៌ទៅវិញ ។

ដោយឡែកលោក នួន បូ​រ៉ា មេធាវី​ការពារ​សិទ្ធិឲ្យ​ដើមបណ្តឹងបាន​និយាយ នៅ​ពេល​សវនាការ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក គុយ សិទ្ធិសក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ា​ន់ លី​ឡា បាន ឈ្លោះគ្នា ​ហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ា​ន់ នី​ឡា ។ ពេល​នោះ​ជន​រង​គ្រោះ បាន​បើកឡាន ចេញឲ្យ​គេ​ជួយ ហើយ​ពេល​នោះ គុយ សិទ្ធិសក្តិ បាន​បើកឡានរបស់​ជន​រង​គ្រោះ​ចេញ​ទៅហើយ​នៅ​ក្នុង​ឡាន​នោះ ក៏​មាន​កាបូបទូរស័ព្ទ របស់​ជន​រង​គ្រោះ​ផង​ដែរ ដោយរយៈពេលជិត​១០​ថ្ងៃ ទើប គុយ សិទ្ធិសក្តិ បាន​យក​មកប្រគល់​ឲ្យ វ៉ា​ន់ នី​ឡា វិញ​។

លោក មេធាវី បន្តថា ចំណែក​រូប ដែល​បាន​បង្ហោះ​នោះ គឺ​ដោយសារ​តែ​ការ​ស្រលាញ់​គ្នា និង​គិត​ថា បាន​គ្នា​ជា​ប្តី​ប្រពន្ធ ទើប​មានការ​ថត​ផ្ញើ​ឲ្យ​គ្នា​មើល ដោយសារ​តែ គុយ សិទ្ធិសក្តិ នៅ​រៀន​ឯ​បរទេស​។ ក្នុងរឿង ក្ដី នេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្តចំនួន ៥០​ម៉ឺនដុល្លារ ។

លោក សេង ហៀ​ងជា តំណាងអយ្យការ នៅតែសន្និដ្ឋានរក្សាបទចោទប្រកាន់លើជនជាប់ចោទ គុយ សិទ្ធិសក្តិ ដដែល ហើយ ស្នើតុលាការ សម្រេចតាមច្បាប់ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *