ផ្ទុះ​ជម្លោះ​តឹងសរសៃក​ដាក់​គ្នា រវាង​មេធាវី និង​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ

ភ្នំពេញ ​៖ ជម្លោះ​ពាក្យ​សម្ដី​ផ្ទុះ ខ្លាំង​តឹងសរសៃក​រៀង​ៗ​ខ្លួន រវាង​មេធាវី​មួយ​ចំនួន និង​លោក​វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង ​នៃអគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ស្តី​ពី “​កាតព្វកិច្ច​បង់ពន្ធ របស់​មេធាវី​” ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន ច្បាស់​ការណ៍​មួយ បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែសីហា នេះ ។

នៅ​ទីស្នាក់ការ​គណៈមេធាវី កាលពី​ថ្ងៃ​ទី​០៣ ខែសីហា បាន​រៀបចំ​សិក្ខាសាលា​ស្ដី​ពី “​កាតព្វកិច្ច​បង់ពន្ធ​” ក្រោម​អធិបតីភាព លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី និង​លោក អ៊ូ រ៉ា​ស៊ី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាង​លោក​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌​ ។

វាគ្មិន​ធ្វើ​បទ​បង្ហាញ រួម​មាន​លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ចៅក្រម​តុលាការ​កំពូល គង់ តារា​ឆាត និង​លោក អ៊ី​វ ប៉ូ​លី សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី ។

ប្រភព​ព័ត៌មាន​មួយ​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ការ​ជជែក​ពិភាក្សា​នេះ គឺ​មាន​មេធាវី​មួយ​ចំនួន​មិន​យល់ ស្រប​ចំពោះ​ការ​តម្រូវ​ឲ្យ​មាន ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ទេ ។

មេធាវី​មួយ​រូប​លើក​ឡើង​ថា “​តើ​ឲ្យ​មេធាវី​អនុវត្ត​ប្រព័ន្ធ​យ៉ាងម៉េច បើជា​ក្រុមហ៊ុន​ស៊ី​វិល តែ​ខាង​ពន្ធដារ ថា ក្រុមហ៊ុន​ស៊ី​វិល​ក្តី​គេ​អត់​ខ្វល់​ទេ គេ​ទារពន្ធ​លើ​ប្រាក់ ចំណូល​តែ​ប៉ុណ្ណោះ ដោយ​ទារពន្ធ​តាម របប​ស្វ័​យ​ប្រកាស ដោយ​មាន​ពន្ធ​៣​ប្រភេទ គឺ ពន្ធ​តូច ពន្ធ​មធ្យម និង ពន្ធ​ធំ ។ ប្រាក់​ចំណូល​ក្រោម ២៥០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ គឺ មិន​ឲ្យ​បង់ពន្ធ​ទេ ” ។

មេធាវី​ដដែល អះអាង​ថា ពេល​នេះ​ពុំ​ទាន់​មាន ច្បាប់​ដោយឡែក ដែល​តម្រូវ​ឲ្យ​មេធាវី​បង់ពន្ធ ។ ជម្លោះ​នេះ រហូត​មេធាវី​ម្នាក់​ទៀត និយាយ​ថា មក​បញ្ជា​គេ មក​គំរាម ឬ ។ ប៉ុន្តែ​ជម្លោះ​នេះ ត្រូវ​បាន​សម្របសម្រួល​បញ្ចប់ ។

ប៉ុន្តែ​អ្វី​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មេធាវី មួយ​ចំនួន​ខឹងសម្បារ​ខ្លាំង​នោះ គឺ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា គេ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ” Puthipol Vann ” ដែល​គេ​ស្គាល់​ថា ជា​របស់ លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​មេធាវី​អះអាង​ថា មាន​ន័យ​ប្រមាថ​មក​លើ​មេធាវី ទូ​ទាំង​ប្រទេស​ដែល មិន​អាច​ទទួលយក​បាន ។

ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ ខ្លឹម​សារបាន​បន្តិច​រួច​លុប​វិញ​នោះ បាន​សរសេរ​ន័យ​ប្រៀបធៀប​ថា ” ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ ប្រមូល​គោ​ប​ញ្ជូ​ល​ក្រោល ដើម្បី​ថែរក្សា​ឲ្យ​គត់មត់ ។ គោមួយ​ចំនួន​ធំ​បាន ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ អា​ពាល អា​ត្នោត និង អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល ។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត ” សុំ​សួរ​ប្រិ​យ​មិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់ ឲ្យ​បាក់​លោង​ទេ ? សើច ! ” ។

សារ​លើ​ហ្វេ​ស​ប៊ុ​ក​នេះ ត្រូវ​បាន​មេធាវី​មួយ​ចំនួន បង្ហើប​ឲ្យ​ដឹង​ថា គឺ មិន​អាច​ទទួលយក បានជា​ដាច់ខាត និង ជា​ការ​ប្រមាថ​មេធាវី ទូ​ទាំង​ប្រទេស ៕

Comments

comments