រថយន្តព្រូសហោះធ្លាក់ផ្លូវបណ្តាលអោយអ្នកបើកបរនិងអ្នករួមដំណើរម្នាក់រងរបួស

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូសមួយគ្រឿងរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលអោយបុរស២នាក់រងរបួសធ្ងន់ សង្ស័យបើកបរក្នុងពេលកំពងុងស្រវឹង ដែលហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវកោងស្ថិតក្នុងភូមិព្រៃធំ ឃុំចុងកាល ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌សបិតលាយពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-5172 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងខ្លាំង មិនបានបន្ថយល្បឿនក៏ក្រឡាប់ធ្លាក់ផ្លូវបណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ធ្ងរតែ​ម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមានសង្ឃឹមតិចតួចណាស់ដោយសាររងរបួសធ្ងន់ធ្ងរពេក ចំណែករថយន្ត សមត្ថកិច្ចស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុករង់ចាំការស្រាវជ្រាវស្វែងរងអត្តសញ្ញាណជនរងគ្រោះ និងសាច់ញាតិមកធ្វើការដោះស្រាយជាបន្ត៕

ប្រភព៖​ Khmer Note

Comments

comments